បំណុល​ធនាគារ​ហាក់​បាន​ក្លាយជា​កង្វល់​មួយ​កាន់តែ​រីក​ធំ​ឡើង​នៅ​ក្នុង​សង្គម

បំណុល​ធនាគារ​ហាក់​បាន​ក្លាយជា​កង្វល់​មួយ​កាន់តែ​រីក​ធំ​ឡើង​នៅ​ក្នុង​សង្គម ។ យ៉ាង​ហោច​ណាស់ មាន​ពលរដ្ឋ​ប្រមាណ​៤​លាន​នាក់ ត្រូវ​គេ​ដឹង​ថា បាន​ខ្ចី​បំណុល​ពី​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មក​ប្រកប​អាជីវកម្ម និង​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​របស់​ខ្លួន ។

Post by admin

10:40 - 07/10/2023

Comment

បំណុល​ធនាគារ​ហាក់​បាន​ក្លាយជា​កង្វល់​មួយ​កាន់តែ​រីក​ធំ​ឡើង​នៅ​ក្នុង​សង្គម ។ យ៉ាង​ហោច​ណាស់ មាន​ពលរដ្ឋ​ប្រមាណ​៤​លាន​នាក់ ត្រូវ​គេ​ដឹង​ថា បាន​ខ្ចី​បំណុល​ពី​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មក​ប្រកប​អាជីវកម្ម និង​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​របស់​ខ្លួន ។ ក្នុង​ចំណោម​ពលរដ្ឋ​ដែល​មាន​បំណុល​នោះ ប្រាកដ​ណាស់​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​កំពុង​លំបាក​នៅ​ក្នុង​ការ​រក​ប្រាក់​សងបំណុល​គេ ។

ពលរដ្ឋ​ដែល​បាន​ខ្ចីបុល​ពី​ធនាគារ​បាន​កំពុង​ធ្លាក់ខ្លួន​ជា​កូនបំណុល​លើស​ពី​មួយ​កន្លែង​ក្នុង​ពេល​តែ​មួយ​។ អ្វី​ដែល​ជា​ក្តី​បារម្ភ​លើស​ពី​នេះ គឺ​ពួក​គាត់​អាច​នឹង​ដើរទៅ​ខ្ចីបុល​គេ​ពី​កន្លែង​មួយ​យក​ទៅ​សង​កន្លែង​មួយ ជាង​នេះ​ទៅ​ទៀត​ពួក​គាត់​អាច​ធ្លាក់ខ្លួន​ជា​កូនបំណុល​ស្ថាប័ន​ខុសច្បាប់ ដែល​មានការ​ប្រាក់​ខ្ពស់ ហើយ​នៅ​ទីបំផុត​ពលរដ្ឋ​នឹង​មាន​បំណុល​វ័ណ្ឌក ។

លោក សុផល ពលរដ្ឋ​នៅ​ភ្នំពេញ​និយាយ​ថា គាត់​បាន​ខ្ចីបុល​ចំនួន​៦​ម៉ឺន​ដុល្លារ​ពី​ធនាគារ​មួយ ដើម្បី​ទិញ​ផ្ទះ​ស្នាក់​នៅ កាលពី​ឆ្នាំ​២០១៩ ។ លោក​ត្រូវ​បង់​៦០០​ដុល្លារ​ទៅ​ឱ្យ​ធនាគារ​នៅ​រៀង​រាល់​ខែ​ក្នុង​រយៈពេល​ជាង​១៥​ឆ្នាំ ។ «​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​បាន​បង់​ឱ្យ​ធនាគារ​បាន​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ប៉ុន្តែ​ឥឡូវនេះ សឹង​គ្មាន​លទ្ធភាព​សង​គេ​ហើយ ។ ពេល​នេះ​មានការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​រក​ប្រាក់​បង់​ទៅ​ឱ្យ​ធន​គារ ដោយសារ​ចំណាយ​គ្រួសារ​កាន់តែ​ច្រើន​ឡើង ។ ជា​ពិសេស ចំណាយ​លើ​កូន​ៗ​ដែល​ពួក​គេ​កាន់តែ​ត្រូវការ​ចំណាយ​កាន់តែ​ច្រើន​នៅ​ក្នុង​ការ​សិក្សា​»​។ បុរស​ដែល​មានកូន​បី រូប​នេះ បាន​និយាយ​បន្ត​ថា នៅ​ក្នុង​មួយ​ខែ​ៗ​ការ​ចំណាយ​របស់​លោក​ទាំង​ការ​សិក្សា​របស់​កូន ទាំង​អាហារ​ប្រចាំ​ថ្ងៃ​មិន​តិច​ជាង​១​ពាន់​ដុល្លារ​នោះ​ទេ ។ បើ​បូក​ថវិកា​ដែល​ត្រូវ​សង​ធនាគារ​ទៀត គឺ​គ្រួសារ​លោក​ត្រូវ​រក​ចំណូល​ឱ្យ​បាន​២​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ ។

លោក​សុផល ត្អូញ​ថា ការ​ដែល​លោក​ហ៊ាន​ខ្ចីប្រាក់​ពី​ធនាគារ​មក​ទិញ​ផ្ទះ​បែប​នេះ ដោយសារ លោក​មាន​ដី​មួយ​កន្លែង​សម្រាប់​លក់​ដោះ​ដូរ ។ ប៉ុន្តែ​ចាប់ពី​ផ្ទុះ​កូ​វី​ដ​១៩​មក​ដី​របស់​លោក​នោះ​លក់​មិន​ចេញ​សោះ​ធ្វើ​ឱ្យ​ជីវភាព​របស់​កាន់តែ​លំបាក ។ «​ខ្ញុំ​ពិតជា​មានការ​លំបាក​នៅ​ក្នុង​ការ​រក​ប្រាក់​សង​ធនាគារ ។ យើង​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ប្រាក់ខែ ដូច្នេះ​បើក​ប្រាក់ខែ​មក​ទុក​សម្រាប់​សង​គេ និង​បង់ថ្លៃ​សាលា​កូន​ប៉ុណ្ណោះ ។ ទោះ​ខំ​កាត់​បន្ថយ​ចំណាយ​យ៉ាងណា​ក្តី តែ​វា​បាន​ធ្វើ​ឱ្យ​យើង​មាន​កង្វល់​ក្នុង​ចិត្ត​រាល់ថ្ងៃ ។ ជិ​វិត​ហាក់​មាន​សម្ពាធ​ធ្ងន់​មួយ​ខ្លាច​កូន​ឈឺ ខ្លាច​ខ្លួន​ឈឺ​គ្មាន​លុយ​ព្យាបាល ជំងឺ​ពីព្រោះ គ្មាន​លុយ​សល់​ជាប់​ខ្លួន​សោះតែ​ម្តង ។​»

គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២៣ ឥណទាន​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​មាន​ចំនួន​២៣៨,៧ ទ្រី​លាន​រៀល ឬ​ស្មើ​ប្រមាណ​៥៧,៨ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​១០,៥% ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​មុន​។ តាម​សមាគម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា​ថា ឥណទាន​ទាំងនេះ​គ្របដណ្តប់​លើ​វិស័យ​ជួញដូរ​ដុំ និង​រាយ​ការ​ទិញ​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន កសិកម្ម សេវាកម្ម អចលនទ្រព្យ សំណង់ អង្គភាព​គ្រួសារ កម្មន្តសាល និង​ឥណទាន​ផ្សេង​ៗ​។

ថ្មី​ៗ​នេះ មាន​របាយការណ៍​មួយ​បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​កំពុង​បង្កើន​ការ​យក​កម្ចី​ថ្មី ដើម្បី​ទៅ​សង​កម្ចី​ចាស់ និង​បាន​កំពុង​បង្ក​ជា​ក្តី​បារម្ភ​មួយ ។ ពិសេស​វា​អាច​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស​ទៀត​ផង​នៅ​ពេល​ពលរដ្ឋ​គ្មាន​លទ្ធភាព​សងបំណុល​គេ​។ តាម​ការ​សិក្សា​នោះ​បាន​រក​ឃើញ ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ជាង​៩២% ត្រូវ​បាន​តម្រូវ​ឱ្យ​ដាក់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​យ៉ាងតិច​មួយ ដើម្បី​វាយតម្លៃ​ពី​កម្ចី​ឥណទាន​ខ្នាត​តូច​មួយ ខណៈ​ពលរដ្ឋ​តាម​ខ្នង​ផ្ទះ ៦,១% បាន​លក់​ដី​ដើម្បី​សងបំណុល​។

លោក កាំ​ង តុង​ងី អ្នកនាំពាក្យ​សមាគម​មីក្រូហិរញវត្ថុ​កម្ពុជា បាន​និយាយ​ថា នៅ​ក្នុង​ពេល​នេះ កម្ចី​ដែល​ខូចខាត​ពោល​ពលរដ្ឋ​ដែល​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ហើយ គ្មាន​លទ្ធភាព​សង​វិញ​នោះ ស្ថិត​នៅ​ក្នុង​រង្វង់​ក្រោម​៤%​នៅឡើយ​ទេ​។ លោក​ថា បញ្ហា​នេះ​អាច​ធ្ងន់ធ្ងរ នៅ​ពេល​វា​មាន​អត្រា​លើស​ពី​៥%​ឡើង​ទៅ ។

នៅ​ក្នុង​កម្មវិធី​វិ​ថី​ហិរញ្ញវត្ថុ​ភាគ​ទី​៨ ដែល​និយាយ​ពី​ដំណោះស្រាយ​ឥណទាន​មាន​ហានិភ័យ ឬ​បញ្ហា​លទ្ធភាព​សង​នេះ អ្នកនាំពាក្យ​សមាគម​មីក្រូហិរញវត្ថុ​កម្ពុជា​ស្នើ ទៅ​ពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព​សងបំណុល​ឱ្យ​ធនាគារ គួរ​ជួប​ពិភាក្សា​ជាមួយ​ភ្នាក់ងារឥណទាន​ស្ថាប័ន ដែល​ខ្លួន​បាន​ខ្ចី ដើម្បី​រក​វិធី​ដោះស្រាយ​ស្របច្បាប់​ជា​ជាង​ការ​ទុក​ឱ្យ​បញ្ហា​កាន់តែ​ធំ ហើយ​យក​ទៅ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ដែល​មិន​អាច​ដោះស្រាយ​អ្វី​បាន​ទាំង​អស់នោះ ៕

​​ 076 6 600 107