រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សម្តែងព្រះហឫទ័យ ជំនឿយ៉ាងមុតមាំថា ក្រោមដំបូល នៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័នជាតិ នឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួន ប្រកបដោយការទទួល ខុសត្រូវខ្ពស់ ដើម្បីធានាដល់កិច្ចអភិវឌ្ឍន៍ប្រជាជាតិយើងឲ្យសម្រេចបាន នូវគោលដៅអភិវឌ្ឍជាតិ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្លាយជាប្រទេសរីកចម្រើនរឹងមាំ ប្រជារាស្ត្រខ្មែរមានជីវភាពធូរធារសម្បូណ៍រុងរឿង រស់ក្នុងសុខសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍ តទៅ ។
ការសម្តែងព្រះហឫទ័យរបស់ព្រះអង្គ ធ្វើឡើងក្នុងព្រះរាជពិធីអបអរសាទ ទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅសាលមហោស្របកោះពេជ្រ ។
ព្រះអង្គមានព្រះបន្ទូលយ៉ាងដូច្នេះថា ៖ «ខ្ញុំសូមកោតសរសើរដោយស្មោះ អស់ពីហឫទ័យចំពោះ សម្តេច ឯកឧត្តម និងលោកជំទាវ ប្រធាន និងសមាជិក សមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញ គ្រប់អាណត្តិ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងសតិសម្បជញ្ញៈ ដើម្បីគុណប្រយោ ជន៍ នៃឯករាជ្យជាតិបូរណភាពទឹកដី អធិបតេយ្យភាព ស់ន្តិភាព សេចក្តីសុខ ជីវភាពសម្បូណ៍សប្បាយថ្កុំថ្កើងរុងរឿងរបស់ប្រជាជាតិខ្មែរ និងស្ថិរភាពសង្គម ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ» ។
ព្រះអង្គបានលើកឡើងថា ជានិច្ចកាលព្រះអង្គ បានសង្កេតឃើញថា ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាល ក្នុងការទំនាក់ទំនងរវាងស្ថាប័នកំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេលបោះឆ្នោតសកល និងអសកលម្តងៗ ឲ្យមានដំណើរការយ៉ាងរលូន ក្រោមការដឹកនាំប្រកប ដោយមគ្គុទ្ទេសភាពដ៏ប៉ិនប្រសប់ ឈ្លាសវៃ ទន់ភ្លន់ត្រឹមត្រូវ-យុត្តិធម៌ តែម៉ឹងម៉ាត់ និងមានទេព កោសល្យប្រកបដោយបរិយាបន្ន របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា បច្ចុប្បន្នជាប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ រក្សាបាននូវសាមគ្គីដ៏រឹងមាំ ធ្វើសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ស្មោះត្រង់ និងជឿជាក់គ្នាទៅវិញទៅមក មានសុខដុមភាព ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ រហូតទទួលបានជោគជ័យយ៉ាងធំធេងលើគ្រប់វិស័យ ឈានទៅ ទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។
ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា នៅក្នុងពេលនេះ ខ្ញុំ សូមអរគុណ និងកោតសរសើរជាទីបំផុត ចំពោះសម្តេចវិបុល សេនាភក្តី សាយ ឈុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សហស្ថាបនិកដ៏អស្ចារ្យ ប៉ិនប្រសប់ និងឈ្លាសវៃ ។ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើការផ្តួចផ្តើមឱ្យមានការរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ឡើងមក។ ក្រោយសេចក្តីព្រាងបានរៀបចំរួចរាល់ហើយ គណៈប្រតិភូជាន់ខ្ពស់មួយ ដែលមានការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ មានឥស្សរជនមួយចំនួន ជាក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងខែសីហា ឆ្នាំ១៩៩៣ បានធ្វើដំណើរទៅព្រះរាជដំណាក់នៅទីក្រុងព្យុងយ៉ាង នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដើម្បីឆ្លងព្រះរាជតម្រិះចុងក្រោយ អំពីព្រះករុណាព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ពេលបានទទួលការប្រោសព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត ដែលឆ្លងរួចហើយ នោះក៏បានយកសេចក្ដីព្រាងរដ្ឋធម្មនុញ្ញនេះ មកឆ្លងការអនុម័តរបស់សភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ទើបកើតចេញជារដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិរហូតមកដល់បច្ចុប្បន្ន និងបន្តទៅមុខទៀត ដែលត្រូវបានគោរព និងប្រតិបត្តិតាមច្បាប់កំពូលនេះរហូតមក ដែលយើងទាំងអស់គ្នា កំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ជាទិវាប្រកាសរដ្ឋធម្មនុញ្ញ។ ហើយសភាធម្មនុញ្ញបានត្រឡប់មកជារដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មក។ សហស្ថាបនិកនេះ ជាឥស្សរជនកំពូល នៃជាតិយើង ដែល ខ្ញុំ បានរៀបរាប់ខាងលើនេះ។ ហើយឥស្សរជនដទៃទៀតខ្លះ ក៏នៅមានជីវិតរស់នៅ ហើយឥស្សរជនខ្លះទៀតក៏បានចូលទិវង្គត និងទទួលមរណភាពរួចទៅហើយ។
ជាមួយគ្នានោះដែរ ព្រះអង្គក៏សូមគោរពចំពោះព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធ របស់ឥស្សរជនទាំងនោះ សូមអញ្ជើញទៅកាន់សុគតិភពកុំបីខាន និងសម្ដែងនូវការកោតសរសើរ និងដឹងគុណចំពោះបញ្ញវ័ន្ត បញ្ញវន្តី ផ្នែកច្បាប់ជាតិ និងអន្តរជាតិគ្រប់រូប ដែលបានខិតខំប្រឹងប្រែង ប្រកបដោយការលះបង់ខ្ពស់ ជួយរៀបចំតា ក់តែងសេចក្តី ព្រាង នៃរដ្ឋធម្មនុញ្ញជាតិនេះកាលពី៣០ឆ្នាំមុន ៕
https://kohsantepheapdaily.com.kh/article/1815291.html